ខេត្តកំពត

ខេត្តកំពតស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានឆ្នេរសមុទ្រប្រវែង៨០គីឡូម៉ែត្រជាប់ជាមួយឈូងសមុទ្រប្រទេសថៃ។ ទីក្រុងនៃខេត្តនេះត្រូវបានស្គាល់ឈ្មោះថា ក្រុងកំពត និងជាខេត្តមួយដែលមានភាពទាក់ទាញ គេតែងតែទៅកម្សាន្តនៅទីនោះព្រោះជាផ្លូវតែមួយទៅកាន់ឧទ្យានជាតិបូកគោ ឆ្នេរសមុទ្រកែប ទឹកជ្រោះទឹកឈូដ៏ស្រស់ស្អាត និងកន្លែងកម្សាន្តផ្សេងៗ ជាច្រើនទៀតនៅភាគនិរតីនៃប្រទេសកម្ពុជា។

អ្នកទេសចរភាគច្រើនមកកម្សាន្តនៅទីនេះ ដើម្បីទស្សនាសំណង់ដែលមានវ័យចំណាស់សេសសល់ពីសម័យអាណានិគមបារាំង ដែលនៅតែមានភាពស្រស់ស្អាតសម្រាប់ទស្សនាកម្សាន្តនៅជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ឬក៏អាចទៅកម្សាន្តតាមកោះតូចៗនៃខេត្តកែប។ ខេត្តកំពតក៏មានភាពល្បីល្បាញដោយមានផ្លែឈើដែលមានរសជាតិឆ្ងាញ់ពិសា (ដូចជាផ្លែទុរេន ដូង ស្វាយ ជាដើម) អំបិល និងជាពិសេសគ្រឿងទេសដ៏ល្បីល្បាញគឺម្រេចកំពត។ ដោយសារតែខេត្តកំពតមានអាកាសធាតុល្អ និងប្រភេទដីដែលអំណោយផល រួមជាមួយកសិករមានបទពិសោធន៍ក្នុងការដាំម្រេចជាច្រើនជំនាន់ ធ្វើឱ្យម្រេចតំបន់នេះមានលក្ខណៈពិសេសប្លែក និងត្រូវបានអ្នកទទួលទានអាហារនិយមចូលចិត្តនៅទូទាំងពិភពលោក។