រាជធានីភ្នំពេញ

ទីក្រុងភ្នំពេញ គឺជារាជធានីនៃប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច ឧស្សាហកម្ម វប្បធម៌ អប់រំ និងទេសចរណ៍របស់ប្រទេសនេះ។ រាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ ទីនេះមានដីល្បាប់ដ៏មានជីវជាតិ និងសាកសមសម្រាប់បម្រើដល់វិស័យកសិកម្ម។ មុនទសវត្សរ៍ឆ្នាំ ១៩៦០ ទីក្រុងនេះត្រូវបានគេហៅថាជា “ទីក្រុងគុជនៃអាស៊ី”។

ភ្នំពេញជាទីក្រុងធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនរស់នៅជាង ២ លាន៣សែននាក់។ រាជធានីភ្នំពេញមានអ្វីៗគ្រប់យ៉ាងសាកសមជាមជ្ឈមណ្ឌលមេត្រូរួមមាន ផ្សារទំនើប ហាងកាហ្វេ តំបន់ពាណិជ្ជកម្ម ទីស្នាក់ការរដ្ឋាភិបាល ស្ថានទូត សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តដ៏ច្រើន។ ទីនេះបានផ្តល់់ឱ្យវិនិយោគិននូវឱកាសអាជីកម្មពីគ្រប់ទីកន្លែងផងដែរ។

ខណៈពេលដែលសកម្មភាពសេដ្ឋកិច្ចនៅក្នុងទីក្រុងភ្នំពេញមាននៅស្ទើរតែគ្រប់វិស័យទាំងអស់ដូចជា ទេសចរណ៍ កសិកម្ម ផលិតកម្ម កាត់ដេរ និង ការជួញដូរទំនិញគ្រប់ទម្រង់ អ្នកវិនិយោគក៏ទទួលបានផលចំណេញខ្ពស់បំផុតពីវិស័យអចលនទ្រព្យ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញគឺជាឧស្សាហកម្មដែលរីកដុះដាលលឿនបំផុត និងទទួលបានផលចំណេញច្រើនបំផុតក្នុងប្រទេស ដែលប្រាក់ចំណេញពីការវិនិយោគខ្ពស់រហូតដល់ ២៩%។ គម្រោងបុរី និងខុនដូមានការកើនឡើងគួរឲ្យកត់សម្គាល់បំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០២២ គម្រោងបុរីរហូតដល់២២,៥០០យូនីត ត្រៀមនឹងប្រគល់ជូនម្ចាស់ផ្ទះ និង គម្រោងខុនដូ៤៥,០០០យូនីតក៏ត្រៀមនឹងប្រគល់សោរផងដែរ។

បន្ថែមពីលើនេះ រដ្ឋាភិបាលកំពុងអភិវឌ្ឍ និងកែលម្អយ៉ាងខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដំណាក់កាលទី១នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣។ ទន្ទឹមនឹងនេះក៏មានការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ចូលទីក្រុងភ្នំពេញ ដូច្នេះហើយផ្លូវនេះអាចនាំអ្នកទេសចរដែលមកចូលរួមកម្មវិធីអន្តរជាតិផ្សេងៗ និងអ្នកជំនួញ ពីអាកាសយានដ្ឋានទៅទីក្រុង និងពីទីក្រុងទៅអាកាសយានដ្ឋានផងដែរ។

ភ្នំពេញ រាជធានី នៃព្រះរាជណាចក្រកម្ពុជា

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាលត្រឹមតែ៣០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលគ្រោងនឹងសាងសង់ក្នុងទំហំទឹកប្រាក់ជាង១.៥ពាន់លានដុល្លាអាមេរិក ហើយអាកាសយានដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១នៅក្នុងឆ្នាំ ២០២៣។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាអាកាសដ្ឋានដ៏ធំជាងគេបំផុតមួយនៅលើពិភពលោកដែលលាតសន្ធឹងនៅលើផ្ទៃដី ២,៦០០ហិកតា។ នៅពេលដែលអាកាសយានដ្ឋានថ្មីនេះបើកដំណើរការ រាជធានីភ្នំពេញនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ថែមទៀត ហើយអ្នកវិនិយោគនៅលើពិភពលោកទាំងអស់កាន់តែមានភាពងាយស្រួលជាមួយនឹងជើងហោះហើរត្រង់មកកាន់ទីក្រុងនេះ។

នៅពេលដែលការសាងសង់ដំណាក់កាលទី១ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះអាចទទួលភ្ញៀវទេសចរណ៍ប្រមាណជា១៣ លាននាក់ក្នុងមួយឆ្នាំ ដែលចំនួននេះស្មើរនឹង ៣ដងនៃចំនួនផ្ទុករបស់អាកាសដ្ឋាននាពេលបច្ចុប្បន្ននេះ។ អាកាសយានដ្ឋានថ្មីនឹងជួយជម្រុញដល់វិស័យទេសចរណ៍ ក៏ដូចជាបង្កើតការងារដល់ប្រជាជនក្នុងស្រុកផងដែរ។ ដោយមើលទៅលើឱកាសពីគម្រោងដ៏ធំសម្បើមមួយនេះ វិស័យអចលនទ្រព្យហាក់បង្ហាញចេញនូវសញ្ញាណជាវិជ្ជមាននៃវិនិយោគិនពីបរទេសក្នុងគោលដៅអភិវឌ្ឍនៅតាមតំបន់ជុំវិញ ហើយតំបន់កណ្ដាលក្រុងក៏ចាប់ផ្ដើមរៀបចំជាបណ្ដើរៗដើម្បីបើកទទួលនូវសកម្មភាពពាណិជ្ជកម្មដ៏មមាញឹកនាពេលអនាគត។