សមាគមមូលនិធិគ្រួសារខ្មែរបានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”

July 27, 2022

ភ្នំពេញៈ សមាគមមូលនិធិគ្រួសារខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​លោកនាយឧត្ដមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃ។

ការអញ្ជើញចូលរួមនេះ ជាការឆ្លើយតបតាមការអញ្ជើញរបស់ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រាកាលពីសប្តាហ៍មុន។

នៅក្នុងពិធីដ៏មហោឡារិក និងអធិកអធមនេះផងដែរ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់មតិស្វាគមន៍ និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងផ្ដល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ។

កម្មវិធីនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ផងដែរ ។

កម្មវិធីនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ផងដែរ ។

លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំថា កន្លងមក សមាគមមូលនិធិគ្រួសារខ្មែរ បានសិក្សាក្នុងការរៀបចំកែតម្រូវយុទ្ធសាស្ត្រទីផ្សារ និងបានរៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំនាពេលនេះ ក្នុងគោលបំណងជម្រុញឲ្យមានការផ្សព្វផ្សាយអំពីទិសដៅ និងបេសកកម្មរបស់សមាគមឲ្យកាន់តែផុលផុស ព្រមទាំងបង្កើននូវសេចក្ដីជឿជាក់ និងទំនុកចិត្ត ដើម្បីទាក់ទាញវិនិយោគិន ដែលមានធនធានឲ្យចូលមកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាវិស័យអចលនទ្រព្យ ផ្ដោតសំខាន់លើលំនៅឋាន និងលំហែជាដើម។

លោកប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានសំណូមពរទៅកាន់ លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្ដល់នូវកិច្ចសហការ និងគាំទ្រដល់សមាគម និងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ឲ្យដំណើរការបានដោយរលូន។

 

 

នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានផ្ដល់កិត្តិយសថ្លែងសុន្ទរកថា និងមានប្រសាសន៍ផ្ដាំផ្ញើយ៉ាងដូច្នេះថា ដោយមើលឃើញពីកាលានុវត្តភាព និងសក្ដានុពលភាពនៃកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍ និងលើកទឹកចិត្តដល់សមាគម ក្នុងការអនុវត្តគម្រោងនេះឲ្យលេចចេញជារូបរាង និងផ្លែផ្កាដោយសារក្រសួងមហាផ្ទៃ បានយល់ឃើញថាកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ អាចនឹងមានផលប្រយោជន៍ជាវិជ្ជមាន សម្រាប់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេសដែលជាគោលដៅអាទិភាពសម្រាប់កម្មវិធីនេះ ជាជនបរទេសដែលមានធនធានទ្រព្យសម្បត្តិ ជាវិនិយោគិន សហគ្រិន អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ឬបញ្ញវ័ន្តដែលមានសមត្ថភាព ចំណេះដឹងខ្ពស់ ដែលជាចលករដ៏សំខាន់ក្នុងការជម្រុញ និងអភិវឌ្ឍប្រទេសជាតិ នៅក្នុងសម័យសកលភាវូបនីយកម្ម និងនវានុវត្តបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។

 

នាយឧត្ដមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការឆ្លើយតបជាវិជ្ជមាន ទៅកាន់សំណូមពររបស់ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងមហាផ្ទៃ ចំពោះគម្រោងកម្ពុជាផ្ទះទី២របស់ខ្ញុំ ព្រមទាំងផ្ដាំផ្ញើ និងសំណូមពរទៅកាន់សមាគម ឲ្យបន្តរក្សាកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធ សិក្សាស្វែងយល់ទិដ្ឋភាពផ្លូវច្បាប់ ឲ្យបានទូលំទូលាយបន្ថែមទៀត ជាពិសេសគឺច្បាប់ និងបទបញ្ញត្តិដែលត្រូវអនុវត្ត សំដៅធានាបាននូវការសម្របសម្រួលឲ្យភ្ញៀវបរទេសទទួលបានកញ្ចប់សេវាកម្ម ប្រកបដោយការពេញចិត្ត ក្នុងរយៈពេលចេញ-ចូល និងស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាផ្ទះទី២របស់ខ្ញុំ គឺជាកម្មវិធីដែលបង្កើតឡើង ដោយសមាគមមូលនិធិគ្រួសារខ្មែរ និងជាកម្មវិធីផ្លូវការតែមួយគត់ ដែលត្រូវបានអនុម័ត ទទួលបានការគាំទ្រជាគោលការណ៍ និងទទួលស្គាល់ដោយក្រសួងមហា​ផ្ទៃ ដែលអនុញ្ញាតឲ្យជនបរទេស ដែលជាវិនិយោគិនផ្នែកលំនៅឋានលំហែនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវកញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត។

សមាជិកកម្ពុជាផ្ទះទី២របស់ខ្ញុំដំបូងគេ ចំនួន១៨នាក់ ត្រូវបានអញ្ជើញឲ្យទទួលកាដូរអនុស្សាវរីយ៍ដោយផ្ទាល់ពី លោកនូវ សុខភាពប្រធានសមាគ​មមូលនិធិគ្រួសារខ្មែរ។

សមាគមមូលនិធិគ្រួសារខ្មែរ ក៏បានធ្វើការសម្ពោធបើកការិយាល័យសម្រាប់គម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ ដែលមានទីតាំងស្ថិតនៅអាគារលេខ១៩៩ តាមបណ្ដោយមហាវិថីត្រសក់ផ្អែម កែងផ្លូវ ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ៖

  • គេហទំព័រ៖ cm2h.com
  • លេខទូរស័ព្ទ/តេលេក្រាម៖ ០៦៦ ៥៩០ ១៦៨​, ០៦៩ ៥៩០ ១៦៨
  • គេហទំព័រហ្វេសប៊ុក៖​ facebook.com/CambodiaMySecondHome